កិច្ចសន្ទនាពហុភាគីស្តីពីខ្សែច្រវាក់ពាណិជ្ជកម្ម និងតម្លៃប្រកបដោយបរិយាបន្ន ក្នុងវិស័យចេក និងកៅស៊ូនៅកម្ពុជា
- ngofmail
- Oct 8, 2024
- 1 min read
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) សហការជាមួយអង្គការតម្លាភាពកម្ពុជា (TIC) ព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា (CAWF) និងសមាគមបណ្តាញកសិករ និងធម្មជាតិ(FNN) បានរួមគ្នារៀបចំកិច្ចសន្ទនាពហុភាគីស្តីពីខ្សែច្រវាក់ពាណិជ្ជកម្ម និងតម្លៃប្រកបដោយបរិយាបន្ន ក្នុងវិស័យចេក និងកៅស៊ូនៅកម្ពុជា ដែលមានអ្នកចូលរួមមកពីតំណាងមន្ទីរកសិកម្ម តំណាងមន្ទីរពាណិជ្ជកម្មខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ តំណាងសាខាបេឡាជាតិសន្តិសុខសង្គមខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ តំណាងអង្គការសង្គមស៊ីវិល តំណាងនិយោជិត ដែលសរុបមាន ៣៦នាក់ ក្នុងនោះមានស្រ្តី ១១នាក់។
គោលបំណងនៃកិច្ចសន្ទនានេះគឺដើម្បីបង្កើនការផ្សព្វផ្សាយអំពីតម្រូវការចាំបាច់ និងបញ្ហាប្រឈមរបស់កម្មករនិយោជិតនៅក្នុងវិស័យកសិឧស្សាហកម្មចម្ការចេក និងកៅស៊ូ ចំពោះសិទ្ធិជាមូលដ្ឋាន ការផ្តល់កិច្ចគាំពារសង្គម និងគោលការណ៍សុវត្ថិភាពនៅកន្លែងធ្វើការសម្រាប់ពួកគាត់ និងជំរុញឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈម និងតម្រូវការកិច្ចគាំពារសង្គម និងសម្ភារៈសុវត្ថិភាពអំឡុងពេលបំពេញការងាររបស់កម្មករនិយោជិតនៅក្នុងវិស័យចម្ការចេក និងកៅស៊ូ។ ផ្តល់ជាវេទិកាដល់កម្មករនិយោជិតនៅក្នុងវិស័យចម្ការចេក និងកៅស៊ូលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេដល់អ្នកធ្វើការសម្រេចចិត្ត រួមមាន មន្ទីរទទួលបន្ទុក និងភាគីនិយោជកដើម្បីចូលរួមផ្តល់នូវដំណោះស្រាយដល់កម្មករនិយោជិត។ ផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សា និងកំណត់សកម្មភាពសម្រាប់ការអនុវត្តគណនេយ្យភាពគោលនយោបាយសារពើពន្ធ រួមមានពន្ធ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ ច្បាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃប្រកដោយបរិយាបន្ន ក្នុងឧស្សាហកម្មចេកលឿង និងកៅស៊ូ នៅកម្ពុជា និងដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ការអនុវត្តល្អ ការសិក្សា និងកិច្ចសន្ទនាពហុភាគី ដើម្បីគាំទ្រ ខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃប្រកដោយបរិយាបន្ន ក្នុងឧស្សាហកម្មចេកលឿង និងកៅស៊ូ នៅកម្ពុជា។
កិច្ចសន្ទនានេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការអុកស្វាម (Oxfam) និង អង្គការដាយកូនៀ ពីរដ្ឋាភិបាលស៊ុយអែដ។