នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នាទីរួមខេត្តកំពង់ចាម អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច សហការជាមួយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងអង្គការដៃគូរផ្សេងទៀត បានរៀបចំ
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ដំណើរការចុះបញ្ជីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះមានការចូលរួមសហការពីក្រសូងជំនាញពាក់ព័ន្ធរួមមានក្រសួង អភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរ តំណាងសហគមន៍ អង្គការសង្គមស៊ីវិល និងដៃគូម្ចាស់ជំនួយ សរុបចំនួន ១៥៨ នាក់ (ស្រី៣៧ នាក់)។
សមិទ្ធផលសម្រេចចេញពីខិតខំប្រឹងប្រែង លទ្ធផលស្រាវជ្រាវ បញ្ហាប្រឈម និងសំណូមពរផ្សេងៗត្រូវបានលើកឡើងយកមកពិភាក្សាពាក់ព័ន្ធការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច។
លោកបណ្ឌិត ថុល ឌីណា នាយកគម្រោង LASEDIII នៃក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងពីការចុះបញ្ជីសហគមន៍កន្លងមកដែលជាលទ្ធផល ១៩៣សហគមន៍ទទួលបានការកំណត់អត្តសញ្ញាណពីក្រសួងអភិឌ្ឍន៍ជនបទ ១៥៣ សហគមន៍ទទួលស្គាល់ជានីតិបុគ្គលពីក្រសួងមហាផ្ទៃ និង៤៣ សហគមន៍បានទទួលស្គាល់ជាផ្លូវការពីក្រសួងរៀបចំដែនដី។
សូមជម្រាបផងដែលថា លោកសឿង សារឿន នាយកប្រតិបត្តិ អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បាលជម្រុញអោយមានការគិតគូពីផែនការក្នុងការរៀបចំធនធាន និងគម្រោងអភិវឌ្ឍន៍សហគមន៍ទាំងនោះ បន្ថែមលើខ្លឹមសារនៃកិច្ចពីភាក្សានាពេលនេះ។
ជារួមខ្លឹមសារចេញពីការពិភាក្សា សំណូមពរ និងអនុសាសន៍ផ្សេងៗត្រូវបានចងក្រង និងរៀបចំជាខ្លឹមសារគន្លឹះសម្រាប់ដាក់ជូនថ្នាក់ដឹកនាំក្រសូងពាក់ព័ន្ធ ដើម្បីបន្តពិភាក្សា និងចូលរួមដោះស្រាយ។