កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ក្រុមការងារថវិកាដែលសម្របសម្រួលដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានរៀបចំវេទិកា សាធារណៈស្តីពី «ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាឆ្នាំ២០២៤ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥» ទំាងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
វេទិកានេះបានទទួលការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងអ្នកពាក់ព័ន្ធសំខាន់ៗដូចជា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ គណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) វិស័យឯកជន ទីភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ តំណាងសាកលវិទ្យាល័យ ស្ថាប័នសិក្សាស្រាវជ្រាវ និស្សិត យុវជន សហគមន៍ ជនជាតិដើមភាគតិច បងប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ដែលបានចូលរួមផ្ទាល់ និងទស្សនាតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។
វេទិកានេះធ្វើឡើងក្នុងគោលបំណងធំៗចំនួនបីរួមមាន៖
១. បង្កើនការយល់ដឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជន ទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការថវិកា និងការអនុវត្តផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
២. ផ្តល់ឱកាសដល់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល បានជួបជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា សំដៅឆ្ពោះទៅបង្កើនការចូលរួមជាសាធារណៈនៅក្នុងវដ្តនៃដំណើរការរៀបចំផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
៣. ផ្តល់ឱកាសដល់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល ផ្តល់នូវធាតុចូលជូនក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា លើសេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ សំដៅឆ្ពោះទៅធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងគណនេយ្យភាពថវិកាជាតិ ការបញ្រ្ជាបយេនឌ័រ គោលការណ៍បរិយាបន្ន និងជម្រើសផ្សេងទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពផែនការថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាលទ្ធផល អ្នកចូលរួមក្នុងវេទិកានេះបានសម្តែងការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការរួមគ្នាក្នុងភាពជាដៃគូប្រកបដោយវិជ្ជាជីវៈ និងក្នុងបរិយាកាសអំណោយផល ដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងការរៀបចំថវិកា និងការត្រួតពិនិត្យ ជាពិសេសនៅថ្នាក់ក្រោមជាតិ។
បញ្ជាក់ ក្រុមការងារថវិកា ដែលជាបណ្តុំនៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណ ២០ ស្ថាប័នធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋក្នុងការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើវិស័យអប់រំ សុខាភិបាល កិច្ចគាំពារសង្គម កុមារ យេនឌ័រ បរិស្ថាន ធនធានធម្មជាតិ កសិកម្ម ការប្រែប្រួលអាកាសធាតុ។