នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា The NGO Forum on Cambodia (NGO Forum) សហការជាមួយ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) Cooperation Committee for Cambodia - CCC និងសហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា (CAWF) បានរួមគ្នារៀបចំវេទិកាថ្នាក់ជាតិ ស្តីពី «ការលើកកម្ពស់ការអនុវត្តកិច្ចគាំពារសង្គម និងសុវត្ថិភាពនៅកន្លែងការងារក្នុងវិស័យកសិឧស្សាហកម្មចម្ការចេក និងកៅស៊ូ» ក្រោមអធិបតីភាពដោយ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអធិបតីភាពបិទដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី ៨ ទទួលបន្ទុកសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
វេទិកានេះមានអ្នកចូលរួមចំនួន ១១៥ នាក់ (ស្រ្តីចំនួន៤៦) ដែលរួមមានតំណាងកម្មករមកពីខេត្តចំនួន៥ រួមមានខេត្តកំពត ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី, តំណាងសហគមន៍កសិកម្មចេកនិងកៅស៊ូ, តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងបេឡាជាតិរបបសន្តិសុខសង្គម និងសមាជិកនៃរដ្ឋសភាជាតិ។
វេទិកានេះ បានផ្តល់ឱកាសដល់តំណាងកម្មករចម្ការចេក និងកៅស៊ូ លើកឡើងអំពី បញ្ហាប្រឈម និងតម្រូវការរបស់ពួកគេដល់ភាគីពាក់ព័ន្ធ និងអ្នកធ្វើការសម្រេចចិត្តផ្នែកគោលនយោបាយផងដែរ។ ជាងនេះទៅទៀត តាមរយៈការធ្វើបទបង្ហាញរបស់តំណាងបេឡាជាតិរបបសន្តិសុខសង្គម, តំណាងនាយកដ្ឋានពេទ្យការងារ, និងកិច្ចពិភាក្សាពេញអង្គ បានផ្តល់ឱ្យសិក្ខាកាមទាំងអស់បានឈ្វេងយល់បន្ថែមអំពី៖
• សុខភាព និងសុវត្ថិភាពរបស់កម្មករចម្ការចេក និងកៅស៊ូ
• កិច្ចគាំពារសង្គមសម្រាប់កម្មករនិយោជិតចម្ការចេក និងកៅស៊ូ
• សិទ្ធិការងារ និងគោលការណ៍សុវត្ថិភាពនៅកន្លែងធ្វើការសម្រាប់កម្មករនិយោជិត