នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOForum) ជាអង្គការសមាជិកថ្នាក់ជាតិ ក្រោមជាតិ និង ថ្នាក់មូលដ្ឋាន និង តំណាងអង្គការសង្គមស៊ីវិលផ្សេងទៀត រួមមាន អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) អង្គការសង្រ្គោះកុមារ ( Save the Children) និង អង្គការអាក់សិនអេតកម្ពុជា (Action Aid Cambodia) បានទទួលការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតជាសំខាន់លើយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបើកឱកាសឱ្យអង្គការសង្គមស៊ីវិលបានចូលរួមចំណែកជាមួយវិស័យបរិស្ថាន ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋាន ឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៤។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGOForum) បានសម្តែងនូវការអបអរសាទរដល់សមិទ្ធផលរបស់ក្រសួងបរិស្ថាន ជាពិសេសយុទ្ធនាការក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៨លាននាក់ និង ការបង្ហាញពីកិច្ចការងារកន្លងមកដែលបានអនុវត្តជាមួយសមាជិក និងបណ្តាញ ពិសេសលើការតស៊ូមតិ កិច្ចសន្ទនា និងធាតុចូលរបស់សង្គមស៊ីវិល ក្នុងគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានាក្នុងវិស័យបរិស្ថាន។
ជាលទ្ធផលដ៏សំខាន់នៃកិច្ចពិភាក្សា ឯកឧត្ដមបណ្ឌិតសប្បាយរីករាយក្នុងការគាំទ្រ និងលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលឱ្យធ្វើការក្នុងភាពជាដៃគូដើម្បីឈានឆ្ពោះទៅសម្រេចបាននូវយុទ្ធសាស្រ្តស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា៕