បេសកកម្មកសាងភាពប្រសើរឡើងសម្រាប់កម្ពុជា

Mr. TEK Vanna mission

នៅក្នុង​បន្ទប់​ការិយាល័យ​នៃ​​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា(NGOF) លោក តឹក វណ្ណារ៉ា កំពុង​បំពេញការងារ​ប្រចាំថ្ងៃរបស់​លោក រួមមាន​ការពិនិត្យ​មើល ឆ្លើយ​តប និងផ្ទៀង​ផ្ទាត់​ឯកសារ​ផ្សេងៗ​ពី​គម្រោងកម្មវិធី​ខុសៗ​​គ្នា ដើម្បី​ធា​នា​ឲ្យ​បាន​នូវ​វឌ្ឍនភាព​ដ៏​រលូន​នៅក្នុងស្ថាប័នការងារ។ យូរៗម្តង លោក​ទទួល​ទូរសព័្ទ​ពី​សហការី ​និង​ភាគី​ពាក់ព័ន្ធស្នើសុំ​ជួប​ប្រជុំពិភាក្សាទាក់ទិននឹងការងារ។

តាមរយៈ​នីតិវិធី​ជ្រើសរើស​ប្រកបដោយ​តម្លាភាព និងយុត្តិធម៌​ ដោយ​ផ្អែក​លើ​ទេពកោសល្យ កម្រិត​វប្បធម៌ រួមជាមួយនឹងបទពិសោធន៍​ការងារ លោក​ វណ្ណារ៉ា អាយុ៣៣ឆ្នាំ ត្រូវ​បាន​ជ្រើសរើស​ និង​តែង​តាំង​ជានាយក​ប្រតិបត្តិ​​ថ្មីនៃ​​​ NGOF​ ចាប់​ពី​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៤តទៅ។

NGOF បាន និងកំពុង​ធ្វើ​ការងារយ៉ាងសស្រាក់សស្រាំទៅ​លើ​កម្មវិធី​ផ្សេងៗ​ដើម្បី​ធ្វើឲមានការ​ប្រែប្រួល​ជាវិជ្ជមាន​នៅ​កម្ពុជា។ ប្រការ​នេះ​នាំ​មក​នូវ​ភារកិច្ច​ និង​ការទទួល​ខុសត្រូវ​ជាច្រើន​ដែល​តម្រូវ​ឲ្យ​លោក វណ្ណារ៉ា ធ្វើការ និងដោះស្រាយ​ជាមួយ។ ទន្ទឹម​នឹងនេះ លោកក៏​មាន​សុទិដ្ឋិនិយម​ខ្ពស់​ជាមួយ​ការ​ខិត​ខំ​របស់​លោក ដោយលោក​មាន​ជំនឿ​យ៉ាងមុតមាំទៅលើ​ឧត្តមភាព​នៃ​ការ​លើក​ទឹកចិត្ត​ និងការគាំទ្រ​របស់​សមាជិកភាព ដែលជា​សមាសភាគ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍន៍ការងារ​។

នៅ​ពេល​យើង​សួរ​លោក​ថា​តើ​​ការងារ​អាទិភាព​របស់​លោក​មាន​អ្វី​ខ្លះ​ជាមួយ​តួនាទី​ថ្មី​នៅ NGOF លោក​បាន​មានប្រសាសន៍ថាជាចំបងត្រូវសំដៅ​សម្រេច​បាន​នូវផែនការ​​យុទ្ធសាស្ត្រ​រយៈពេល​​វែង​ និងខ្លី​របស់​យើង​ក្នុង​ពេល​ខាង​មុខ ដោយ​ផ្តោត​ការខិតខំ​ និង​ធនធាន​​ឆ្ពោះ​ទៅ​លើ​អ្វី​ដែលជម្រុញ​ឲ្យ​សម្រេច​បាន​គោលដៅ​របស់​យើង។ ទន្ទឹម​នឹង​នេះ យើង​ចាំបាច់​ត្រូវ​បន្ត​ផ្តោ​តលើ​កម្មវិធី​បច្ចុប្បន្ន​ដើម្បី​ធានា​​ឲ្យ​បាន​នូវ​ការ​ធ្វើ​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព​ស្របគ្នា​នឹង​សមិទ្ធផល។ ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង គាំទ្រ​និងការចូលរួមចំណែកយ៉ាងសកម្មពីអង្គការសមាជិកភាព​ អង្គការបណ្តាញ និងបុគ្គលិកទាំងអស់ ​ក្នុង ការងារ ខ្ញុំ​ជឿ​ថា​យើង​អាច​ប្រែ​ក្លាយ​កម្ពុជា​ឲ្យ​ក្លាយ​ជា​ទីកន្លែង​កាន់​តែ​ប្រសើរ​ឡើង​មួយ។

ក្នុង​ឋានៈ​ជា​​នាយក​ប្រតិបត្តិ​ថ្មី​ ​ដែល​ដឹកនាំ​អង្គការ​ទាំងមូល លោក​ វណ្ណារ៉ា មាន​គោលដៅ​ជាក់លាក់គឺ ១)រក្សាកេរតំណែលដែលវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាមានឲបានល្អប្រសើរ ២)បន្តកិច្ច សហប្រតិបត្តការឲបានល្អប្រសើរជាមួយអង្គការសមាជិក អង្គការបណ្តាញ ម្ចាស់ជំនួយ ដៃគូ អភិវឌ្ឍន៌​ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីសំរេចបាននូវទស្សនៈវិស័យ និងបេសកកម្មរបស់វេទិកា​នេះ ៣)ពង្រឹងអង្គការសមាជិកបណ្តាញទាំង៨​ឲបានរឹងមាំ និងខ្លាំងក្លា ក្នុងការបំរើសេវាកម្មប្របក​ដោយ​ប្រសិទ្ធិភាពទៅដល់ប្រជាជនដែលងាយរងគ្រោះ និងក្រីក្រ ៤)ធានា​ និងរក្សាឲអង្គការសង្គមស៊ីវិល​នៅ​តែមានឪកាស​គ្រប់គ្រាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៌សង្គម ហើយធ្វើជាកញ្ជក់ឆ្លុះបញ្ចាំងសំរាប់​ការអភិវឌ្ឍន៌​សង្គមឲកាន់តែប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ៥)រៀបចំយុទ្ធសាស្រ្តត្រឹមត្រូវ ច្បាស់​លាស់​​ក្នុងការបំរើសេវាកម្មឆ្លើតតបទៅនឹងសេចក្តីត្រូវការពិត​ប្រាកដរបស់អង្គការសមាជិភាព និងអង្គការ​សមាជិកបណ្តាញ និងអ្នកពាក់ព័ន្ធ​ និង៦)ធ្វើឲវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាក្លាយជា​អង្គការ​​គំរូល្អ និងមាននិរន្តរភាពនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ​ដើម្បីសំរេច​បាននូវកិច្ចការទាំងនេះ ទាមទារឲយើងមានទស្សនៈវិស័យច្បាស់លាស់ យុទ្ធសាស្រ្តត្រឹមត្រូវ ការខិតខំប្រឹងប្រែង ភាពអំណត់ ការលះបង់ ការតាំងចិត្តខ្ពស់ សាមគ្គីភាព ភាពជាគំរូល្អប្រកបដោយយុទ្ធសាស្រ្ត និងសុចរិតភាព។

ជាមួយគ្នានេះ លោក វណ្ណារ៉ា បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ កម្ពុជាមានធនធានមនុស្ស និងធនធាន​ផ្សេងៗទៀតខ្លះ​ហើយសំរាប់ធ្វើការអភិវឌ្ឍន៌ប្រទេស ប៉ុនែ្តអ្វីដែលកម្ពុជានៅខ្វះខាតនោះ​ គឺការបណ្តុះ ភាព​ជា​​គំរូល្អ​សំរាប់ការគ្រប់គ្រង និងដឹកនាំ។ ដូច្នេះ ភាពជាគំរូល្អទាំងកាយវិកា​រ​ និងស្មារតីពិតជាមាន សារៈសំខាន់សំរាប់ចូលរួមក្នុងការអភិវឌ្ឍន៌អង្គការ ស្ថាប័ន ក៏ដូចជាប្រទេសជាតិ។​​

លោក​ វណ្ណារ៉ា ក៏​បាន​ឆ្លងកាត់​ការសិក្សា​ ​និង​ការងារ​ជា​ច្រើន​ឆ្នាំ​ផងដែរ។ លោក​បាន​ទទួល​​នូវសញ្ញាបត្រ បរិញ្ញាបត្រ​​ជាន់​ខ្ពស់ចំនួន២ គឺបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចកសិកម្ម និងរ​អភិវឌ្ឍន៍ជនបទ ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្មនៅឆ្នាំ២០០៥ ​និងការសិក្សាស្តីពីការអភិវឌ្ឍន៍ ឯកទេសសាកលភាវូប នីយកម្ម និងការអភិវឌ្ឍន៌ពី​វិទ្យាស្ថានក្រោយឧត្តមសិក្សាស្តីពីការអភិវឌ្ឍន៌(IUED)នៃទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីសនៅឆ្នាំ២០០៧។ 

ផ្សារភ្ជាប់ជាមួយនឹង​បទពិសោធន៍​ការងារ​រយៈពេលជាង១១ឆ្នាំ ទៅលើការ​ដឹកនាំ និងគ្រប់គ្រង ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន ក៏ដូចជា​ការអភិវឌ្ឍសហគមន៍​ជាមួយអង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង រាជរដ្ឋាភិបាល​ លោកក៏​​បាន​ធ្វើការសិក្សា​​ស្រាវជ្រាវ​ជាច្រើន និងបាន​បោះពុម្ព​ ​ផ្សាយនូវ​របាយការណ៍​សិក្សា​របស់​លោក​​ជាសាធារណៈ​ចំនួន១៦ ទាក់​ទិននឹង​បរិស្ថាន ការ​គ្រប់គ្រង​ធនធាន​ទឹក ការ​អភិវឌ្ឍអាង​ទន្លេ ការ​គ្រប់គ្រង​ព្រៃឈើ ជនជាតិ​ដើម​ភាគតិច ដី ការប្រែប្រួល​អាកាសធាតុ កសិកម្ម និងការ​តាំងទីលំនៅឋាន​ថ្មី។ ក្រៅពីនេះ លោក​ធ្លាប់​ត្រូវ​បាន​គេ​អញ្ជើ្​ញ​ឲ្យ​ធ្វើ​ជា​វាគ្មិន​ក្នុង​សន្និសីទថ្នាក់​តំបន់​ និង​អន្តរជាតិ​ក្នុង​ប្រទេស​ចំនួន ៣៦ នៅ​ជុំវិញ​ពិភពលោក។ជាមួយគ្នានេះ ដែរ តាំងពីឆ្នាំពី២០០៧​ រហូតដល់ឆ្នាំ២០១២ ​ លោក តឹក​ វណ្ណារ៉ា ជាសាស្រ្តាចារ្យ សំរាប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ដោយបង្រៀនលើមុខវិជ្ជាការគ្រប់គ្រងធនធានធម្មជាតិ នៃសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ។​​

ដោយក្រឡេកមើលទៅអតីតកាល លោក តឹក​​ វណ្ណារ៉ា នៅឆ្នាំ១៩៩៩-២០០០ លោក ធ្វើជាគ្រូ បង្រៀនកុំព្យូទ័រនៅអង្គការVYCD ហើយនៅឆ្នាំ២០០១-២០០៤ លោកធ្វើជាអ្នកស្រាវជ្រាវផ្នែកបរិស្ថាន និងអ្នកសម្របសម្រួលកម្មវិធីបោះពុម្ពនៃសមាគមថែរក្សាបរិស្ថាន​ និងវប្បធម៌ ដែលកិច្ចការនេះ តំរូវឲ លោកចុះធ្វើការស្រាវជ្រាវនៅគ្រប់ឃុំ ស្រុក ខេត្តនៃប្រទេសកម្ពុជា ហើយវាក៏បានជំរុញឲ​លោកក្លាយ ទៅជាអ្នកវិភាគ និងអ្នកសរសេរអត្ថបទលើប្រធានបទទាក់ទងនឹងបរិស្ថាន ធនធាន​ធម្មជាតិ ជីវភាពរស់ នៅ​​ ជនជាតិដើមភាគតិច ការប្រែប្រួលអាកាសធាតុ ដែលជាសរុបលោកផលិតបាន៣១៥អត្ថបទ និង​បានចុះផ្សាយនៅលើព្រឹត្តិបត្រជាតិ តំបន់ និងអន្តរជាតិចំនួន៥២លេខ។​ ចាប់ពីឆ្នាំ២០០៥រហូត​ដល់ឆ្នាំ ២០១២ លោកបានក្លាយជាបុគ្គលិកគ្រប់គ្រងកម្មវិធីនៃសមាគមថែរក្សាបរិសាន និងវប្បធម៌ ដែល ការងារនេះផ្តោតសំខាន់ទៅលើ​ការអភិវឌ្ឍន៌សមាគម ការគ្រប់គ្រងបុគ្គលិកគំរោង ការដឹកនាំអនុវត្ត គំរោង ការទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងសហគមន៌មូលដ្ឋាន ដើម្បីឲគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បាន ជួបពិភាក្សាក្នុងការដោះស្រាយបញ្ហាជំលោះលើធនធានធម្មជាតិដោយសន្តិវិធី និងការកសាងច្បាប់ គោលនយោបាយសំរាប់គ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងប្រទេស​កម្ពុជា។​ នៅក្នុងកំឡុងពេលនោះដែរ លោក វណ្ណារ៉ា បានចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងដឹកនាំ​អង្គការសមាជិកបណ្តាញនានា ដូចជានៅឆ្នាំ២០០៧-២០០៩ លោក​ត្រូវបានជាប់ឆ្នោត សំរាប់តួនាទី​ជាប្រធានគណៈកម្មការគ្រប់គ្រងនៃបណ្តាញសហគមន៌ទេសចរណ៌ធម្មជាតិកម្ពុជា ដែលមានអង្គការ សាកលវិទ្យាល័យ និងស្ថាប័នរដ្ឋាភិបាលជាសមាជិកភាពចំនួន៣៥​ ដែលក្នុងតួនាទីនេះ លោកបាន​ជំរុញឲមានការបង្កើតច្បាប់ និងគោលនយោបាយនានាពាក់ព័ន្ធនឹងទេសចរណ៌សហគមន៌។​ បន្ថែមពី​លើនេះ លោក​ តឹក វណ្ណារ៉ា បានជាប់ឆ្នោតក្នុងតួនាទីជាសមាជិកគណៈកម្មការគ្រប់គ្រងនៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាលស្តីពីកម្ពុជាពីរអាណត្តិជាប់គ្នានៅក្នុងឆ្នាំ២០១០​ និងឆ្នាំ២០១២ ហើយនៅក្នុង​​ឆ្នាំ​២០០៧-២០១២ លោក ធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឍមណ្ឌលជាតិពន្ធុសាស្រ្ត និងបរិស្ថាន និងពីឆ្នាំ២០០៥-២០១០ លោកធ្វើជាអ្នកតំណាងប្រចាំប្រទេសនៃបណ្តាញ​ទនេ្ល​​អាស៊ីខាងកើត និង​អាស៊ី​អាគ្នេយ៌ និង​ជាពិសេសនៅឆ្នាំ២០១២ លោក តឹក​ វណ្ណារ៉ា បានទទួល​ពានរង្វាន់ល្អ(Excellence Award)លើការងារបរិស្ថាន​ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិច ពីមជ្ឍមណ្ឌលភាពជា​អ្នកដឹកនាំ និងបរិស្ថាន និងកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិនៅសាកលវិទ្យាល័យជាតិកាំងវ៉ុន សាធារ​​ណៈរដ្ឋកូរេខាង​ត្បូង។

ជាមួយ​ការ​អប់រំ​ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ យើង​ជឿជាក់​ថា​លោក​ពិត​ជាអាច​បំពេញ​តួនាទី​ដឹកនាំ​ការងារ​របស់ NGOF​ ដោយ​ផ្អែក​លើ​ចក្ខុវិស័យ ​ ​បេសកកម្ម​នៃ​វេទិកា និងគ្រប់គ្រង​NGOF ​ឲ្យ​ដើរ​ក្នុង​ទិសដៅ​ត្រឹម​ត្រូវដើម្បី​ការ​កែលម្អកាន់​តែ​ប្រសើរ​ឡើងនាពេល​អនាគត និងអាច​ផ្តល់​​នូវសេវាដ៏​ប្រសើរ​បំផុត​ជូនដល់​អង្គការដៃគូ អង្គការសមាជិកភាព​ អង្គការសមាជិកបណ្តាញ រួមជាមួយនឹងប្រជាពល​រដ្ឋក្រីក្រ និងជនងាយរងគ្រោះដែលត្រូវការជំនួយពីពួកយើងទាំងអស់។

Mission to build a better place for Cambodia (Download)  

 

បេសកកម្មកសាងភាពប្រសើរឡើងសម្រាប់កម្ពុជា (ទាញយក)

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជាអាចទំនាក់ទំនង​បានតាមរយៈសារអេឡិចត្រនិចៈ vannara@ngoforum.org.kh និងទូរស័ព្ទលេខៈ០១២ ៧៩៣ ៤៨៩។

#####